+ កំណើតថ្នាំអាស្ពីរីន
អ្នកសិក្សាស្រាវជ្រាវពីរនាក់ ម្នាក់ជាជនជាតិបារាំងឈ្មោះ Charles Frederic Gerhard និងម្នាក់ទៀតជនជាតិអាល្លឺម៉ង់ឈ្មោះ Felix Hoffmann ក៏បានសាកល្បងបង្កើតសារធាតុសំយោគ ។ នៅឆ្នាំ១៨៥៦ ហៀបតែនឹងសម្រេចលទ្ធផលទៅហើយ អ្នកស្រាវជ្រាវជនជាតិបារាំងក៏ស្លាប់បាត់ទៅ។ លោកFelix Hoffmann ដែលជានិយោជិតនៅក្រុមហ៊ុន Friedrich Bayer ក៏បានទទួលជោគជ័យក្នុងការងារស្រាវជ្រាវរបស់លោក ។
លោក Felix Hoffmann និងបំពង់ថ្នាំអាស្ពីរីន
តែមានរឿងមួយដែលគួរនិយាយនៅក្នុងទីនេះ ។ លោកFelix Hoffmannដែលខិតខំស្រាវជ្រាវនេះ ព្រោះថ្នាំសាលីស៊ីឡាត សូដ្យូម ដែលលោកប្រើប្រាស់សម្រាប់ព្យាបាលជំងឺឈឺសន្លាក់ឆ្អឹងរបស់ឪពុកលោក បានធ្វើឱ្យរលាករលួយក្រពះ ។ លោកFelix Hoffmannក៏តាំងចិត្តក្នុងការធ្វើថ្នាំនេះឱ្យកាន់តែប្រសើរឡើង ។ នៅថៃ្ងទី១០ខែ តុលាឆ្នាំ១៨៨៧ (តាមសៀវភៅកត់ត្រាក្នុងមន្ទីរពិសោធន៍របស់លោក) Felix Hoffmann ក៏ធ្វើសំយោគបានសម្រេច នូវអាស៊ីដមួយឈ្មោះអាសេទីល សាលីស៊ីលីក ដែលសុទ្ធហើយមានស្ថិរភាព ។ ផលិតផលនេះមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់ព្យាបាលជំងឺឈឺសន្លាក់ឆ្អឹង ជួយបំបាត់ការឈឺចាប់ ជួយបន្ថយកម្តៅគ្រុនក្តៅ ។ នៅថៃ្ង២៣ មករា១៨៨៩ ផលិតផលនេះក៏ប្រសិទ្ធនាមថា អាស្ពីរីន ។ អាស្ពីរីន គឺជាថ្នាំផ្សំគ្នារវាងសារធាតុអាសេទីល និង អាស៊ីតស្ពីរីក ដែលជាផលិតផលស្រដៀងគ្នា នឹងអាស៊ីដសាលីស៊ីលីក ចម្រាញ់ចេញពីស្លឹកឈើសូល និងពីផ្ការបស់រុក្ខជាតិស្ពៀរ៉េ ។
+ វិវាទថ្នាំអាស្ពីរីន
នៅឆ្នាំ១៩០៣ ក្រុមហ៊ុន Friedrich Bayer ដែលជាផលិតករលេខមួយខាងថ្នាំពណ៌នៅញ៉ូវយ៉ក តាំងពីឆ្នាំ១៨៦៧មកម្ល៉េះនោះ បានបញ្ចេញផ្សព្វផ្សាយនូវថ្នាំស្ពឹកមួយ ដែលចេញប្រកាសនីយប័ត្រកាលពីបួនឆ្នាំមុន នៅទីក្រុងប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់)មានឈ្មោះថា អាស្ពីរីន ។
ថ្នាំអាស្ពីរីនក៏បានទទួលជោគជ័យយ៉ាងឆាប់រហ័សនៅទ្វីបអាមេរិក ។ ប៉ុន្តែនៅឆ្នាំ១៩១៨ អ្វីៗក៏ក្រឡាប់ចាក់ ។ ដូចជាទ្រព្យសម្បត្តិផ្សេងៗទៀត ដែលជារបស់អាល្លឺម៉ង់ដែរ ក្រុមហ៊ុន Friedrich Bayer ដែលជាសាខារបស់អាល្លឺម៉ង់នៅអាមេរិក ត្រូវបានក្រុងវ៉ាស៊ីងតោនរឹបអូស ។
ក្រោយបន្តិចមកក្រុមហ៊ុន Friedrich Bayer ក៏ត្រូវបានគេដាក់ឱ្យដេញថ្លៃ ។ ក្រុមហ៊ុន Sterling របស់អាមេរិក ក៏ក្លាយទៅជាម្ចាស់ថ្មី ដោយហ៊ានដេញថ្លៃក្នុងតម្លៃ៥,៣លានដុល្លារ ។ Sterling ក៏ក្តោបក្តាប់ផលិតថ្នាំអាស្ពីរីនភ្លាម ។
ស្លាកសញ្ញាក្រុមហ៊ុន Bayer
នៅឆ្នាំ១៩២០ ក្រុមហ៊ុនFriedrich Bayer ក៏បានចាប់ផ្តើមចរចាជាមួយក្រុមហ៊ុន Sterling ។ ប៉ុន្តែក្រុមហ៊ុន Sterling ធ្វើមិនដឹង ។ មិនតែប៉ុណ្ណោះសោតថែមទាំងទិញម៉ាកសញ្ញា Bayerនៅប្រទេសអង់គ្លេសទៀត (ក្រុងឡុងដ៍ក៏បានរឹបអូសយកសាខាBayerនៅទីនោះដែរ) ។ក្រោយសង្គ្រាមលោកលើកទីពីរ ក្រោយការបំបែកក្រុមហ៊ុន IG Farben(ក្រុមហ៊ុនចម្រុះនៃផលិតករគីមីធំៗបី៖ Bayer, BASF និង Hoechst) Bayer ក៏បានប្តឹងតវ៉ាជាថ្មីដល់ក្រសួងយុត្តិធម៌អាមេរិក ដើម្បីទាមទារយកសិទ្ធិរបស់ខ្លួនមកវិញ ។ ការជំនុំជម្រះក្តី ត្រូវបានកោះជាបន្តបន្ទាប់ តែ ក្រុមហ៊ុន Sterling នៅតែជាអ្នកឈ្នះ ។ ប៉ុន្តែដំណោះស្រាយរបស់តុលាការកាន់តែស្មុគស្មាញខ្លាំងឡើងៗ។
នៅឆ្នាំ១៩៨២ ក្រុមហ៊ុន Bayer សម្រេចទិញបានមកវិញក្នុងតម្លៃ១៣២លានហ្វ្រង់នូវច្បាប់ប្រើប្រាស់ម៉ាកសញ្ញារបស់ខ្លួន ដើម្បីក្រុមហ៊ុនហិរញ្ញវត្ថុរបស់ខ្លួននៅអាមេរិក ប៉ុន្តែមិនមែនដើម្បីឱសថរបស់ខ្លួនឡើយ ។ ដោយសារការប្រកែកមិនយល់ព្រម ការទិញច្បាប់មកវិញនេះ ក៏ក្លាយទៅជាប្រភពនៃរឿងក្តីបន្តបន្ទាប់ជាថ្មី ។
រហូតមកទល់ទសវត្សរ៍១៩៩០មន្ទីរពិសោធន៍ Smithkline Beecham របស់អង់គ្លេសនិងអាមេរិក ដែលបានទិញពីក្រុមហ៊ុនSterling កាលពីក្នុងរដូវក្តៅ នូវផ្នែកមួយនៃឱសថមិនចាំបាច់វេជ្ជបញ្ជា ក៏បានលក់ចែកទៅវិញក្នុងតម្លៃ៥.៥០០០លានហ្វ្រង់ឱ្យក្រុមហ៊ុនគីមីអាល្លឺម៉ង់នូវសកម្ម ភាពនៃមន្ទីរពិសោធន៍នេះនៅក្នុងសហរដ្ឋអាមេរិក ។ នៅទីបំផុតក្រុមហ៊ុនBayer ក៏ដណ្តើមបានមកវិញនូវទ្រព្យសម្បត្តិរបស់ខ្លួនឯងផ្ទាល់ គឺថ្នាំអាស្ពីរីន ។
CEN
+ អាថ៌កំបាំងរបស់អាស្ពីរីន
ថ្នាំអាស្ពីរីនបានប្រារឰខួបឆ្នាំទី១០០របស់ខ្លួនរួចទៅហើយ សព្វថៃ្ងវាគឺជាឱសថ ដែលលក់ដាច់បំផុតនៅក្នុងពិភពលោក ។ ក្នុង ឆ្នាំ១៩៩៤ ក្រុមហ៊ុនBayer ផ្ទាល់ផលិតម្នាក់ឯង៨ពាន់លានគ្រាប់ ឯក្រុមហ៊ុនSterlingជិត២.៥០០លាន គ្រាប់ ។
ថ្នាំអាស្ពីរីន គឺជាឱសថស័ក្តិសិទ្ធិជាមួយជំងឺជាច្រើនមុខ ហើយថ្នាំនេះក៏នាំឱ្យក្រុមហ៊ុនBayer យកជ័យជម្នះលើគូប្រជែងជាច្រើន ជាអាទិ៍ក្រុមហ៊ុនជួរមុខគឺ Rhone-Poulenc។ នៅឆ្នាំ១៩០៤ ពោលគឺប្រាំឆ្នាំ ក្រោយការតម្កល់ប្រកាសនីយប័ត្រនៃថ្នាំអាស្ពីរីនរបស់ក្រុមហ៊ុនBayer រោងចក្រនៅតំបន់Rhoneប្រទេស បារាំង (ដែលក្រោយមករួមបញ្ចូលនៅឆ្នាំ១៩២៨ជាមួយក្រុមហ៊ុនPoulenc)ក៏បានប្រកាសដែរថា បានរកឃើញសំយោគនៃអាស៊ីតអាសេទីល សាលីស៊ីលីក ។ រោងចក្រRhone ក៏ចាប់ផលិតលក់ផលិតផលនេះ ដោយដាក់ឈ្មោះថាRhodine ។
ក្រុមហ៊ុន Bayer ក៏បានបង្ហាញវត្តមានហើយស្រេចនៅលើទីផ្សារបារាំងមុនសង្គ្រាមលោកលើកទី១ ផ្ទុះឡើង ។ នៅពេលនោះមានឱសថការី “លេងសើច” ម្នាក់ក្នុងក្រុងប៉ារីស មានឈ្មោះថាBayard បានដាក់លក់លើទីផ្សារនូវថ្នាំអាស្ពីរីនBayard ដោយគ្មានខ្លាចក្រែងអ្វីឡើយ ក្នុងចិត្តនឹកសង្ឃឹមថា ឈ្មោះនេះនឹងចូល ទៅជំនួសនៅក្នុងបេះដូងរបស់ជនរួមជាតិរបស់ខ្លួនជួសថ្នាំអាស្ពីរីន Bayer របស់អាល្លឺម៉ង់ជាសត្រូវ(Aspirine Bayer) ។ នៅឆ្នាំ១៩១៩ ក្រោយការវាយបុកសម្រុករបស់កម្លាំងទ័ពអាមេរិក ប្រការមួយនៅក្នុងសន្ធិសញ្ញា នៃក្រុងវែរសៃ ក៏បានចែងថា ម៉ាកសញ្ញារបស់ក្រុមហ៊ុនBayer ត្រូវបានជាកម្មសិទ្ធិរបស់ប្រទេសសម្ព័ន្ធមិត្ត នីមួយៗ ។ ប្រទេសទាំងនោះអាចប្រើម៉ាកសញ្ញាអាស្ពីរីន ។ ថ្នាំ Rhodireក៏ប្រែឈ្មោះភ្លាមទៅជាថ្នាំ អាស្ពីរីន-រ៉ូន ។
ពេញមួយទសវត្សរ៍ឆ្នាំ១៩៣០ មន្ទីរពិសោធន៍រាប់រយបានលក់ផ្សព្វផ្សាយពេញពិភពលោក នូវថ្នាំ អាស្ពីរីន ក្រោមឈ្មោះផ្សេងគ្នា សរុបទាំងអស់១៥០០ឈ្មោះ! គឺជាឱសថព្យាបាលដ៏ស័ក្តិសិទ្ធិ ។ ឈឺអ្វីដ៏ដោយ ក៏ពេទ្យចេញវេជ្ជបញ្ជាឱ្យទិញថ្នាំអាស្ពីរីនដែរ សូម្បីតែរោគប្រមេះ ឬប្រគ្រីវក្តី ។ មានរហូតអ្នកលួចផលិតថ្នាំ អាស្ពីរីនក្លែងក្លាយទៀតផង ។
មកទល់ថៃ្ងនេះនៅប្រទេសបារាំង មានថ្នាំអាស្ពីរីនលើសពី១០យ៉ាង ។ ក្រៅពីក្រុមហ៊ុន Rhone-Poulenc មានក្រុមហ៊ុន Upsa(ដែលផលិតថ្នាំអាស្ពីរីន នាំមុខគេលើពិភពលោកខាងថ្នាំអាស្ពីរីនរលាយខ្ជោលក្នុងទឹក ) ក្រុមហ៊ុន Roche (ផលិតថ្នាំឈ្មោះAspro) ក្រុមហ៊ុន Bochringer (អាល្លឺម៉ង់)ក្រុមហ៊ុនBott (អង់គ្លេស) ៘ ប៉ុន្តែមានតែក្រុមហ៊ុនគីមី៣ប៉ុណ្ណោះលើពិភពលោកដែលសព្វថៃ្ងផលិតអាស៊ីដអាសេទីល សាលីស៊ីលីក៖ Rhone-Poulenc (អ្នកផលិតច្រើនជាងគេ) Bayer និងក្រុមហ៊ុនDow Chemical របស់អាមេ រិក ។ បរិមាណសរុបទាំងអស់៤៥.០០០តោននៅក្នុងមួយឆ្នាំ ។
លោកJean Cyr Gaignault នៃបណ្ឌិតសភាឱសថសាស្ត្របានគូសបញ្ជាក់ថា “ប្រសិនបើលោក Felix Hoffman បានធ្វើពិសោធន៍ពីជាតិពុលឱ្យបានហ្មត់ចត់ ដូចដែលគេធ្វើសព្វថៃ្ងនេះ ម្ល៉េះអាស្ពីរីនមិនអាចមានមុខនៅពេលសព្វថៃនេះទេ” ឱសថនេះមានឥទ្ធិពលអាក្រក់ចំពោះសត្វកណ្តុរក្នុងកំណកំណើតកូន ។ នៅ ពេលពិសោធន៍លើអំប្រ៊ីយ៉ុងរបស់កណ្តុរវាមានការប្រែប្រួលផ្តេសផ្តាសណាស់ ជាហេតុនាំឱ្យគេបញ្ឈប់ការពិសោធន៍ស្រាវជ្រាវភ្លាម ។ ប៉ុន្តែចំពោះមនុស្សវិញ គ្មានរឿងអាក្រក់ទាំងនេះកើតឡើងឡើយ” ។
គិតទៅក្រោយពេលជាង១០០ឆ្នាំទៅហើយ ថ្នាំអាស្ពីរីនមួយគ្រាប់តូចនេះ នៅមិនទាន់លាតត្រដាងអាថ៌កំបាំងរបស់ខ្លួនអស់នៅឡើយ៕ (តាមឯកសារចម្រុះរបស់បរទេស)
No comments:
Post a Comment