Thursday, September 26, 2013

អាថ៌កំបាំង​ថ្នាំ​អាស្ពីរីន​

តាំងពី​បុរាណកាល​ម្ល៉េះ សារធាតុ​រួមផ្សំ​របស់​ថ្នាំ​អាស្ពីរីន  ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឱសថ ។  គ្រូពេទ្យ​មនុស្សធម៌​ដ៏​ល្បីល្បាញ​នា​សម័យ​នោះ គឺ​លោក​អ៊ី​ប៉ូ​ក្រា​ត​(៤៦០-៣៧៧​មុន​ស​.​គ​) បាន​យក​សម្បក​ដើម​សូល ទៅ​សោ្ង​ររ​មា្ង​ស់​សម្រាប់​ធ្វើជា​ឱសថ បំបាត់​ការឈឺចាប់​របស់​ស្ត្រី​ក្នុងពេល​សម្រាលកូន ។ នៅ​ភូមិភាគ​ហ្គោល នា​សម័យ​នោះ​(​លាតសន្ធឹង​ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ទល់នឹង​មហាសាគរ​អា​ត្ល​ង់​ទិ​ក​) រុក្ខជាតិ​ម្យ៉ាង​ឈ្មោះ​ស្ពៀ​រ៉េ ឬ “​រាជ​នី​នៃ​វាលស្មៅ​” ត្រូវបាន​គេ​ប្រើប្រាស់​ជា​ថ្នាំស្ពឹក ។ រហូតមកដល់​ឆ្នាំ​១៨២៨ ទើប​លោក Johann Andireas Buchner (​ជា​សាស្ត្រាចារ្យ ឱសថ​សាស្ត្រ​នៅ​មុយ​និ​ច​,​អាល្លឺម៉ង់​)​ចម្រាញ់​ទាញ​ចេញពី​សម្បក​សូល នូវ​សារធាតុ​ម្យ៉ាង​ឈ្មោះ​សាលី​ស៊ីន​ដែល​ចេញពី​នេះ អ្នកសិក្សា​ស្រាវជ្រាវ​ម្នាក់ទៀត​នៅ​ទីក្រុង​ណាប់​បាន​បង្កើត ជា​អាស៊ីត​សាលី​ស៊ី​លី​ក ។​

+ កំណើត​ថ្នាំ​អាស្ពីរីន​
​អ្នកសិក្សា​ស្រាវជ្រាវ​ពីរ​នាក់ ម្នាក់​ជា​ជនជាតិ​បារាំង​ឈ្មោះ Charles Frederic Gerhard និង​ម្នាក់ទៀត​ជនជាតិ​អាល្លឺម៉ង់​ឈ្មោះ Felix Hoffmann ក៏បាន​សាកល្បង​បង្កើត​សារធាតុ​សំយោគ ។ នៅ​ឆ្នាំ​១៨៥៦ ហៀ​ប​តែ​នឹង​សម្រេច​លទ្ធផល​ទៅហើយ អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​ក៏​ស្លាប់​បាត់ទៅ​។ លោក​Felix Hoffmann ដែលជា​និយោជិត​នៅ​ក្រុមហ៊ុន  Friedrich Bayer ក៏បាន​ទទួលជោគជ័យ​ក្នុង​ការងារ​ស្រាវជ្រាវ​របស់លោក ។​
លោក Felix Hoffmann និង​បំពង់​ថ្នាំ​អាស្ពីរីន​

​តែមាន​រឿង​មួយ​ដែល​គួរ​និយាយ​នៅក្នុង​ទីនេះ ។ លោក​Felix Hoffmann​ដែល​ខិតខំ​ស្រាវជ្រាវ​នេះ ព្រោះថ្នាំ​សាលី​ស៊ី​ឡា​ត សូ​ដ្យូ​ម ដែល​លោក​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ឈឺសន្លាក់​ឆ្អឹង​របស់​ឪពុក​លោក បានធ្វើឱ្យ​រលាក​រលួយ​ក្រពះ ។ លោក​Felix Hoffmann​ក៏​តាំងចិត្ត​ក្នុង​ការធ្វើ​ថ្នាំ​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង ។ នៅ​ថៃ្ង​ទី​១០​ខែ តុលា​ឆ្នាំ​១៨៨៧ (​តាម​សៀវភៅ​កត់ត្រា​ក្នុង​មន្ទីរពិសោធន៍​របស់លោក​) Felix Hoffmann ក៏​ធ្វើ​សំយោគ​បានសម្រេច នូវ​អាស៊ីដ​មួយ​ឈ្មោះ​អា​សេ​ទីល សាលី​ស៊ី​លី​ក ដែល​សុទ្ធ​ហើយ​មាន​ស្ថិរភាព ។ ផលិតផល​នេះ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រើប្រាស់​ព្យាបាល​ជំងឺ​ឈឺសន្លាក់​ឆ្អឹង ជួយ​បំបាត់​ការឈឺចាប់ ជួយ​បន្ថយកម្តៅ​គ្រុនក្តៅ ។ នៅ​ថៃ្ង​២៣ មករា​១៨៨៩ ផលិតផល​នេះ​ក៏​ប្រសិទ្ធ​នាម​ថា អាស្ពីរីន ។ អាស្ពីរីន គឺជា​ថ្នាំ​ផ្សំគ្នា​រវាង​សារធាតុ​អា​សេ​ទីល និង អាស៊ីត​ស្ពី​រីក ដែលជា​ផលិតផល​ស្រដៀង​គ្នា នឹង​អាស៊ីដ​សាលី​ស៊ី​លី​ក ចម្រាញ់​ចេញពី​ស្លឹក​ឈើសូល និង​ពី​ផ្កា​របស់​រុក្ខជាតិ​ស្ពៀ​រ៉េ ។​

+ វិវាទ​ថ្នាំ​អាស្ពីរីន​
​នៅ​ឆ្នាំ​១៩០៣ ក្រុមហ៊ុន Friedrich Bayer  ដែលជា​ផលិត​ករលេខ​មួយ​ខាង​ថ្នាំ​ពណ៌​នៅ​ញ៉ូ​វ​យ៉​ក តាំងពី​ឆ្នាំ​១៨៦៧​មកម្ល៉េះ​នោះ បាន​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​ថ្នាំស្ពឹក​មួយ ដែល​ចេញប្រកាស​នី​យ​ប័ត្រ​កាលពី​បួន​ឆ្នាំមុន នៅ​ទីក្រុង​ប៊ែ​រ​ឡាំង (​ប្រទេស​អាល្លឺម៉ង់​)​មាន​ឈ្មោះថា អាស្ពីរីន ។​

​ថ្នាំ​អាស្ពីរីន​ក៏បាន​ទទួលជោគជ័យ​យ៉ាង​ឆាប់រហ័ស​នៅ​ទ្វីបអាមេរិក ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩១៨ អ្វីៗ​ក៏​ក្រឡាប់ចាក់ ។ ដូចជា​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ដែលជា​របស់​អាល្លឺម៉ង់​ដែរ ក្រុមហ៊ុន Friedrich Bayer  ដែលជា​សាខា​របស់​អាល្លឺម៉ង់​នៅ​អាមេរិក ត្រូវបាន​ក្រុង​វ៉ា​ស៊ី​ង​តោន​រឹបអូស ។​

​ក្រោយ​បន្តិច​មក​ក្រុមហ៊ុន Friedrich Bayer  ក៏ត្រូវ​បាន​គេ​ដាក់ឱ្យ​ដេញថ្លៃ ។ ក្រុមហ៊ុន Sterling របស់​អាមេរិក ក៏​ក្លាយទៅជា​ម្ចាស់​ថ្មី ដោយ​ហ៊ាន​ដេញថ្លៃ​ក្នុងតម្លៃ​៥,៣​លាន​ដុល្លារ ។  Sterling ក៏​ក្តោប​ក្តាប់​ផលិត​ថ្នាំ​អាស្ពីរីន​ភ្លាម ។​

ស្លាក​សញ្ញា​ក្រុមហ៊ុន ​Bayer​
​នៅ​ឆ្នាំ​១៩២០ ក្រុមហ៊ុន​Friedrich Bayer ក៏បាន​ចាប់ផ្តើម​ចរចា​ជាមួយ​ក្រុមហ៊ុន Sterling ។ ប៉ុន្តែ​ក្រុមហ៊ុន Sterling ធ្វើ​មិនដឹង ។ មិនតែប៉ុណ្ណោះ​សោត​ថែមទាំង​ទិញ​ម៉ាក​សញ្ញា Bayer​នៅ​ប្រទេស​អង់គ្លេស​ទៀត (​ក្រុង​ឡុង​ដ៍​ក៏បាន​រឹបអូស​យក​សាខា​Bayer​នៅ​ទី​នោះដែរ​) ។​

​ក្រោយ​សង្គ្រាមលោកលើកទី​ពីរ ក្រោយ​ការ​បំបែក​ក្រុមហ៊ុន IG Farben(​ក្រុមហ៊ុនចម្រុះ​នៃ​ផលិតករ​គីមី​ធំៗ​បី​៖ Bayer, BASF និង Hoechst) Bayer ក៏បាន​ប្តឹងតវ៉ា​ជាថ្មី​ដល់​ក្រសួងយុត្តិធម៌​អាមេរិក ដើម្បី​ទាមទារ​យក​សិទ្ធិ​របស់ខ្លួន​មកវិញ ។ ការជំនុំជម្រះ​ក្តី ត្រូវបាន​កោះ​ជា​បន្តបន្ទាប់ តែ ក្រុមហ៊ុន Sterling នៅតែ​ជា​អ្នកឈ្នះ ។ ប៉ុន្តែ​ដំណោះស្រាយ​របស់​តុលាការ​កាន់តែ​ស្មុគស្មាញ​ខ្លាំង​ឡើងៗ​។ 

​នៅ​ឆ្នាំ​១៩៨២ ក្រុមហ៊ុន Bayer សម្រេច​ទិញ​បាន​មកវិញ​ក្នុងតម្លៃ​១៣២​លាន​ហ្វ្រ​ង់​នូវ​ច្បាប់​ប្រើប្រាស់​ម៉ាក​សញ្ញា​របស់ខ្លួន ដើម្បី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់ខ្លួន​នៅ​អាមេរិក ប៉ុន្តែ​មិនមែន​ដើម្បី​ឱសថ​របស់ខ្លួន​ឡើយ ។ ដោយសារ​ការ​ប្រកែក​មិន​យល់ព្រម ការទិញ​ច្បាប់​មកវិញ​នេះ ក៏​ក្លាយទៅជា​ប្រភព​នៃ​រឿងក្តី​បន្តបន្ទាប់​ជាថ្មី ។​

​រហូតមកទល់​ទសវត្ស​រ៍​១៩៩០​មន្ទីរពិសោធន៍ Smithkline Beecham របស់​អង់គ្លេស​និង​អាមេរិក ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន​Sterling កាលពី​ក្នុង​រដូវក្តៅ នូវ​ផ្នែក​មួយ​នៃ​ឱសថ​មិនចាំបាច់​វេជ្ជបញ្ជា ក៏បាន​លក់​ចែក​ទៅវិញ​ក្នុងតម្លៃ​៥.៥០០០​លាន​ហ្វ្រ​ង់​ឱ្យ​ក្រុមហ៊ុន​គីមី​អាល្លឺម៉ង់​នូវ​សកម្ម ភាព​នៃ​មន្ទីរពិសោធន៍​នេះ​នៅក្នុង​សហរដ្ឋអាមេរិក ។ នៅ​ទីបំផុត​ក្រុមហ៊ុន​Bayer ក៏​ដណ្តើមបាន​មកវិញ​នូវ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ឯង​ផ្ទាល់ គឺ​ថ្នាំ​អាស្ពីរីន ។​

CEN

+ អាថ៌កំបាំង​របស់​អាស្ពីរីន
​ថ្នាំ​អាស្ពីរីន​បានប្រារឰ​ខួប​ឆ្នាំ​ទី​១០០​របស់ខ្លួន​រួចទៅហើយ សព្វ​ថៃ្ង​វា​គឺជា​ឱសថ ដែល​លក់ដាច់​បំផុត​នៅក្នុង​ពិភពលោក ។ ក្នុង ឆ្នាំ​១៩៩៤ ក្រុមហ៊ុន​Bayer ផ្ទាល់​ផលិត​ម្នាក់ឯង​៨​ពាន់​លាន​គ្រាប់ ឯ​ក្រុមហ៊ុន​Sterling​ជិត​២.៥០០​លាន គ្រាប់ ។​

​ថ្នាំ​អាស្ពីរីន គឺជា​ឱសថ​ស័ក្តិសិទ្ធិ​ជាមួយ​ជំងឺ​ជាច្រើន​មុខ ហើយ​ថ្នាំ​នេះ​ក៏​នាំឱ្យ​ក្រុមហ៊ុន​Bayer យកជ័យ​ជម្នះ​លើ​គូប្រជែង​ជាច្រើន ជាអាទិ៍​ក្រុមហ៊ុន​ជួរមុខ​គឺ Rhone-Poulenc​។ នៅ​ឆ្នាំ​១៩០៤ ពោលគឺ​ប្រាំ​ឆ្នាំ ក្រោយ​ការតម្កល់​ប្រកាស​នី​យ​ប័ត្រ​នៃ​ថ្នាំ​អាស្ពីរីន​របស់​ក្រុមហ៊ុន​Bayer រោងចក្រ​នៅ​តំបន់​Rhone​ប្រទេស បារាំង (​ដែល​ក្រោយមក​រួមបញ្ចូល​នៅ​ឆ្នាំ​១៩២៨​ជាមួយ​ក្រុមហ៊ុន​Poulenc)​ក៏បាន​ប្រកាស​ដែរ​ថា បាន​រកឃើញ​សំយោគ​នៃ​អាស៊ីត​អា​សេ​ទីល សាលី​ស៊ី​លី​ក ។ រោងចក្រ​Rhone ក៏​ចាប់​ផលិត​លក់​ផលិតផល​នេះ ដោយ​ដាក់ឈ្មោះថា​Rhodine  ។​

​ក្រុមហ៊ុន Bayer ក៏បាន​បង្ហាញ​វត្តមាន​ហើយ​ស្រេច​នៅលើ​ទីផ្សារ​បារាំង​មុន​សង្គ្រាមលោកលើកទី​១ ផ្ទុះឡើង ។ នៅពេលនោះ​មាន​ឱសថការី “​លេងសើច​” ម្នាក់​ក្នុង​ក្រុងប៉ារីស មាន​ឈ្មោះថា​Bayard បានដាក់​លក់​លើ​ទីផ្សារ​នូវ​ថ្នាំ​អាស្ពីរីន​Bayard ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ ក្នុង​ចិត្ត​នឹក​សង្ឃឹមថា ឈ្មោះ​នេះ​នឹង​ចូល ទៅ​ជំនួស​នៅក្នុង​បេះដូង​របស់​ជនរួមជាតិ​របស់ខ្លួន​ជួស​ថ្នាំ​អាស្ពីរីន Bayer របស់​អាល្លឺម៉ង់​ជាស​ត្រូវ​(Aspirine Bayer) ។ នៅ​ឆ្នាំ​១៩១៩ ក្រោយ​ការ​វាយ​បុក​សម្រុក​របស់​កម្លាំង​ទ័ព​អាមេរិក ប្រការ​មួយ​នៅក្នុង​សន្ធិសញ្ញា នៃ​ក្រុង​វែ​រ​សៃ ក៏បាន​ចែងថា ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន​Bayer ត្រូវ​បានជា​កម្មសិទ្ធិរ​បស់​ប្រទេស​សម្ព័ន្ធមិត្ត នីមួយៗ ។ ប្រទេស​ទាំងនោះ​អាច​ប្រើ​ម៉ាក​សញ្ញា​អាស្ពីរីន ។ ថ្នាំ Rhodire​ក៏​ប្រែ​ឈ្មោះ​ភ្លាម​ទៅជា​ថ្នាំ អាស្ពីរីន​-​រ៉ូ​ន ។​

​ពេញ​មួយ​ទសវត្សរ៍​ឆ្នាំ​១៩៣០ មន្ទីរពិសោធន៍​រាប់រយ​បាន​លក់​ផ្សព្វផ្សាយ​ពេញ​ពិភពលោក នូវ​ថ្នាំ អាស្ពីរីន ក្រោម​ឈ្មោះ​ផ្សេងគ្នា សរុប​ទាំងអស់​១៥០០​ឈ្មោះ​! គឺជា​ឱសថ​ព្យាបាល​ដ៏​ស័ក្តិសិទ្ធិ ។ ឈឺ​អ្វី​ដ៏​ដោយ ក៏​ពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ទិញ​ថ្នាំ​អាស្ពីរីន​ដែរ សូម្បីតែ​រោគ​ប្រមេះ ឬ​ប្រគ្រីវ​ក្តី ។ មាន​រហូត​អ្នក​លួច​ផលិត​ថ្នាំ អាស្ពីរីន​ក្លែងក្លាយ​ទៀតផង ។​

​មកទល់​ថៃ្ង​នេះ​នៅ​ប្រទេស​បារាំង មាន​ថ្នាំ​អាស្ពីរីន​លើសពី​១០​យ៉ាង ។ ក្រៅពី​ក្រុមហ៊ុន Rhone-Poulenc មាន​ក្រុមហ៊ុន Upsa(​ដែល​ផលិត​ថ្នាំ​អាស្ពីរីន នាំមុខគេ​លើ​ពិភពលោក​ខាង​ថ្នាំ​អាស្ពីរីន​រលាយ​ខ្ជោល​ក្នុង​ទឹក ) ក្រុមហ៊ុន Roche (​ផលិត​ថ្នាំ​ឈ្មោះ​Aspro) ក្រុមហ៊ុន Bochringer (​អាល្លឺម៉ង់​)​ក្រុមហ៊ុន​Bott (​អង់គ្លេស​) ៘ ប៉ុន្តែ​មានតែ​ក្រុមហ៊ុន​គីមី​៣​ប៉ុណ្ណោះ​លើ​ពិភពលោក​ដែល​សព្វ​ថៃ្ង​ផលិត​អាស៊ីដ​អា​សេ​ទីល សាលី​ស៊ី​លី​ក​៖ Rhone-Poulenc  (​អ្នក​ផលិត​ច្រើនជាងគេ​) Bayer និង​ក្រុមហ៊ុន​Dow Chemical របស់​អា​មេ រិ​ក ។ បរិមាណ​សរុប​ទាំងអស់​៤៥.០០០​តោន​នៅក្នុង​មួយឆ្នាំ ។​

​លោក​Jean Cyr Gaignault នៃ​បណ្ឌិតសភា​ឱសថ​សាស្ត្រ​បាន​គូសបញ្ជាក់ថា “​ប្រសិនបើ​លោក Felix Hoffman បានធ្វើ​ពិសោធន៍​ពី​ជាតិពុល​ឱ្យបាន​ហ្មត់ចត់ ដូចដែល​គេ​ធ្វើ​សព្វ​ថៃ្ង​នេះ ម្ល៉េះ​អាស្ពីរីន​មិនអាច​មានមុខ​នៅពេល​សព្វ​ថៃ​នេះ​ទេ​” ឱសថ​នេះ​មាន​ឥទ្ធិពល​អាក្រក់​ចំពោះ​សត្វ​កណ្តុរ​ក្នុង​កំណកំណើត​កូន ។ នៅ ពេល​ពិសោធន៍​លើ​អំប្រ៊ីយ៉ុង​របស់​កណ្តុរ​វា​មានការ​ប្រែប្រួល​ផ្តេសផ្តាស​ណាស់ ជាហេតុ​នាំ​ឱ្យគេ​បញ្ឈប់​ការពិសោធន៍​ស្រាវជ្រាវ​ភ្លាម ។ ប៉ុន្តែ​ចំពោះ​មនុស្ស​វិញ គ្មាន​រឿង​អាក្រក់​ទាំងនេះ​កើតឡើង​ឡើយ​” ។​

​គិត​ទៅក្រោយ​ពេល​ជាង​១០០​ឆ្នាំ​ទៅហើយ ថ្នាំ​អាស្ពីរីន​មួយ​គ្រាប់​តូច​នេះ នៅ​មិនទាន់​លាតត្រដាង​អាថ៌កំបាំង​របស់ខ្លួន​អស់​នៅឡើយ​៕ (​តាម​ឯកសារ​ចម្រុះ​របស់​បរទេស​)

No comments:

Post a Comment

ភាព​ធន់​នៃ​ថ្នាំ​ផ្សះ​ (​ ស៊ាំថ្នាំផ្សះ)

តម្រូវការ​ថ្នាំ​ផ្សះ​មាន​ប្រសិទ្ធិភាព​បាន​ក្លាយ​ជា​ គឺ​ជា​អាទិភាព​​មួយ​​សម្រាប់​សុខភាពមនុស្ស​ទូទៅ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​សន្និសីទ​អន្តរជា...