Thursday, September 26, 2013

សត្វ​ពស់​, និមិត្តសញ្ញា​នៃ​ការព្យាបាល និង​ឱសថ

ក្នុង​វិស័យ​ពេទ្យ មាន​និមិត្តសញ្ញា​សំខាន់ៗ​ដែល​យើង​តែងតែ​ជួបប្រទះ​ជា​ញឹកញាប់​។ និមិត្តសញ្ញា​ទាំងនោះ សុទ្ធសឹងតែ​ទាក់ទង​ទៅនឹង​ជំនឿ​ក្នុង​រឿងព្រេង​ទេវ​កថា​របស់​ជនជាតិ​ក្រិ​ក ដែល​កើតមានឡើង​តាំងពី​សម័យ​បុរាណកាល​មកម្ល៉េះ ។​

​មាន​និមិត្តសញ្ញា​ដែល​ទាក់ទង​នឹង​ពស់​ចំនួន​បួន​គួរកត់សម្គាល់​៖

១-​និមិត្តសញ្ញា​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​

​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​នេះ មាន​និមិត្តសញ្ញា​ដំបង​មួយ​កំណាត់​របស់​សម្តេច​ព្រះរាជ​គ្រូ​ព្យាបាល​ជំងឺ អេ​ស្គុ​ឡាប (ESCULAPE) ហើយ​សត្វ​ពស់​ដែល​ពត់ពេន​នៅ​ជុំវិញ​ដំបង​នេះ គឺជា និមិត្តសញ្ញា​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​ក្រឡែត នូវ​ទំហំ​ទឹកចិត្ត​ដ៏​ប៉ិនប្រសប់​ឈ្លាសវៃ ប្រកបទៅដោយ​មហា​ឥទ្ធិពល ពូកែ​កែរោគ​គ្រប់ជំពូក​ឱ្យ​ឆាប់​ជាសះស្បើយ ព្រមទាំង​បង្កើន​មហា​ថាមពល​កម្លាំង​ឱ្យមាន​អាយុ​យឺនយូរ​ទៀតផង ។​

​តាម​រឿងព្រេង​ទេវ​កថា របស់​ជនជាតិ​ក្រិ​កបាន​និយាយថា សម្តេចព្រះ​រាជគ្រូ​ព្យាបាល​ជំងឺ​អេ​ស្គុ​ឡាប បាន​ចាប់បដិសន្ធិ​ឡើង​នៅលើ​ទីប្រជុំ​កោះមាន​ឈ្មោះថា “​ប៉េ​ឡូ​ប៉ូ​ណេ​ស​” (Peloponese)​។ ព្រះអង្គ​គឺជា​ព្រះរាជបុត្រ របស់​អា​ប៉ូ​ឡុង​(Apollon)​និង​ព្រះ​នាង​កូ​រ៉ូ​នី​ស​(Coronis) ។​ព្រះរាជ​មាតា គឺជា​ព្រះរាជ​បុត្រី​របស់​ព្រះ​ចៅ​សោយរាជ្យ​បល្ល័ង្ក​នៅ​រាជធានី​ថែប​(Thebes) ។​
និមិត្តសញ្ញា​វេជ្ជសាស្ត្រ​


នៅពេល​ព្រះអង្គ​ប្រសូត្រ​មក ព្រះ​វរមាតា​របស់​ព្រះអង្គ​អេ​ស្គុ​ឡាប ក៏ត្រូវ​ទទួលមរណភាព​ទៅ ហើយ​ប្រជានុរាស្ត្រ​នៅ​ទីនោះ នាំគ្នា​យក​ព្រះ​សព​ព្រះ​នាង​ទៅ​បោះបង់ចោល​នៅលើ​កំពូលភ្នំ​រសាត់​ស្នេហ៍ ដែល​ស្ថិតនៅ​ជិត​រាជធានី​អេ​ពី​ដូ​(Epidaure)​។​ការ​បោះចោល​សាកសព​នេះ គឺ​ប្រជានុរាស្ត្រ​បាននាំគ្នា​ចោទប្រកាន់ថា ព្រះ​នាង​ជា​ស្រី​ចង្រៃ​...​។ ព្រះរាជ​បុត្រា អេ​ស្គុ​ឡាប ត្រូវ​រស់នៅ​កំព្រា​។  ប៉ុន្តែ​អ្នកបម្រើ (​ភីលៀង​)​របស់​ព្រះរាជា ក៏​យក​ព្រះរាជបុត្រ​ទៅ​បីបាច់​ថែរក្សា​ឲ្យ​បៅ​ទឹកដោះពពែ ព្រមទាំង​មាន​សត្វ​ឆ្កែ​ជាច្រើន​ទៀត ស្ថិតនៅ​ជា​ឆ្មាំទ្វារ​ដ៏​ឆ្នើម​រង់ចាំ​ថែរក្សា​ជានិច្ច ។ ហេតុ​ដូច្នេះហើយ បានជា​ព្រះរាជបុត្រ​អេ​ស្គុ​ឡាប មានជីវិត​រស់នៅ​ជាប​ន្ត​ទៅទៀត ។​


អាទិទេព​អេ​ស្គុ​ឡាប​(Esculape)

លុះ​ច្រើន​ឆ្នាំ​កន្លងផុត​ទៅហើយ​... ព្រះរាជ​វ័យ​កុមារភាព​ក៏បាន​បញ្ចប់ទៅ ព្រះរាជ​វ័យ​ជំទង់​ក៏បាន​ឈាន​មកដល់ ។ ដោយសារ​មានការ​ញុះញង់​ពី​ពួក​មន្ត្រី និង​ប្រជារាស្ត្រ​មួយចំនួន បិតា​ព្រះអង្គ​អេ​ស្គុ​ឡាប​ក៏​បណ្តេញ​ព្រះរាជបុត្រ​ឱ្យ​ចាក​ចេញពី​ព្រះរាជ​នគរ ដោយ​ឱ្យទៅ​រស់នៅ​ជាមួយ​មនុស្ស​ចម្លែក​(​អច្ឆរិយបុគ្គល​) ដែលមាន​រូបរាង​ជា​ខ្លួន​មនុស្ស និង​ក្បាល​ជា​សត្វ​សេះ ។ ការរស់នៅ​ជាមួយ​មនុស្ស​ចម្លែក​នេះ​ក៏បាន​កន្លងផុតទៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ការ​ដុះ​លូតលាស់​ផ្នែក​គំនិត​ប្រាជ្ញា​និង ការចូល​ចិត្ត​របស់​ព្រះអង្គ​អេ​ស្គុ​ឡ្កា​ប គឺ​ចង់​ស្រាវជ្រាវ​រិះរក​អាថ៌កំបាំង​របស់​ដើមឈើ​នៅក្នុង​ធម្មជាតិ ដើម្បី​យកមក​ជួយ​ស្រោចស្រង់​ជីវិត​មនុស្សលោក​ទូទៅ​ឱ្យ​រួច​ចាក​ពី​សេចក្តីស្លាប់ ។​

​ថៃ្ង​មួយ​ព្រះអង្គ​អេ​ស្គុ​ឡាប ក៏​គោរព​លា​ឪពុកចិញ្ចឹម​ជា​មនុស្ស​ចម្លែក​ឈ្មោះ​សង់​តូ (Centaure) ដើម្បី​យាង​ទៅសួរសុខទុក្ខ​ដល់​មនុស្ស​ម្នាក់​ត្រូវ​ពស់​ចឹក​កំពុងតែ​ដេ​ល​ឈឺ​នៅឯ​ផ្ទះ ។ នៅពេល​ព្រះអង្គ អេ​ស្គុ​ឡាប​យាង​មកដល់​ព្រៃ​មួយ ព្រះអង្គ​ក៏មាន​ការចាប់អារម្មណ៍​ចំពោះ​ដំបង​ឈើ​មួយ​កំណាត់​ក៏​រើស​កំណាត់​ដំបង​ឈើ​នោះ​កាន់​យកទៅ​ជាមួយ​សំដៅ​ផ្ទះ​ជនរងគ្រោះ​ដោយសារ​ពស់​ចឹក ។​

​នៅពេល​ព្រះអង្គ​យាង​ទៅដល់​ភ្លាម ព្រះអង្គ​ក៏​ទត​ឃើញ​សត្វ​ពស់​ជាច្រើន​កំពុងតែ​វារ​រវាម ជុំវិញ​ជនរងគ្រោះ ។​ពេលនោះ​ព្រះអង្គ​ក៏​យក​ចុង​ម្ខាង​នៃ​ដំបង​ឈើបុក​រុក​ទៅលើ​សត្វ​ពស់​មួយ កំពុងបើក​ពពារ​យ៉ាង​សាហាវ​បំផុត ដែលជា​មេ​កើយ​ដឹកនាំ​ហ្វូង​សត្វ​ពស់​ទាំងមូល ។ រំពេច​នោះ​ស្រាប់តែ មេ​ស្តេចពស់​ក៏​ចាប់ផ្តើម​លូន​វារ​ជុំវិញ​ឈើ​ដំបង​មួយ​កំណាត់​របស់ ព្រះអង្គ​អេ​ស្គុ​ឡាប ធ្វើឱ្យ​ព្រះទ័យ​ព្រះអង្គ​សែន​រន្ធត់ចិត្ត​ឥតឧបមា ។ ដោយ​មើលឃើញ​នូវ​ស្ថានភាព​បែបនេះហើយ ព្រះអង្គ​ក៏​ចាប់​ដំបង​ឈើ​មួយ​កំណាត់ ដែល​ស្តេចពស់​កំពុងតែ​រុំ​ព័ទ្ធជុំវិញ​នេះ យកទៅ​វាយ​បោក​ផ្ទប់​នឹង​ដី​រហូត​ទាល់តែ​មេ​ស្តេចពស់​នោះ​ស្លាប់ទៅ ។ នៅពេល​មេ​ស្តេចពស់​ស្លាប់ទៅ កូនចៅ​ពស់​ទាំងអស់​សែន​សោកស្តាយ​អាឡោះអាល័យ​ជាទីបំផុត ក៏​នាំគ្នា​លូន​ចេញទៅ​ខ្លះ និង​នៅ​ចាំទី​កើតហេតុ​ខ្លះ ។ សត្វ​ពស់​ដែល​វារ​លូន​ចេញទៅ គឺ​ទៅ​ស្វែងរក​ដើមឈើ​ឱសថ​ទិព្វ ដោយ​ពាំ​យកមក​ជាមួយ​នូវ​សម្បកឈើ​មក​ព្យាបាល​ប្រោះព្រំ​មេ​ស្តេចពស់​ឱ្យ​រស់​ឡើងវិញ ។ ការផ្លាស់​វេន​ទៅ​ពាំសម្បក​ឱសថ​ទិព្វ​នេះ បានធ្វើឱ្យ​ព្រះអង្គ​អេ​ស្គុ​ឡាប​តាមដាន​គ្រប់​កាយវិការ​ទាំងអស់​របស់​ពួកវា​។ អស់​រយៈពេល​មួយសន្ទុះ​ធំ​...​ទើប​មេ​ស្តេចពស់​ដែល​ស្លាប់​នៅ​រុំ​ព័ទ្ធជុំវិញ​ដំបង​ឈើ​នោះ រស់​ឡើងវិញ ធ្វើឱ្យ​ព្រះអង្គ​សែន​ងឿងឆ្ងល់​រួច​ទើប​សន្និដ្ឋានថា​៖ “​សម្បកឈើ​នេះ គឺជា​ឱសថ​ទិព្វ​ឋានសួគ៌​សម្រាប់ សង្គ្រោះ​ជីវិត ឱ្យ​រួច​ចាក​ផុតពី​ក្រញាំ​មរណៈ​...​ហើយ​វា​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ដំបង​របស់​អញ​ដែល​បាន​កាន់​យកមក​ដល់ទី​នេះ​...” ។     ​ព្រះអង្គ​អេ​ស្គុ​ឡាប​ក៏​ចាប់ផ្តើម​យក​សម្បកឈើ​ឱសថ​ទិព្វ​នេះ​ទៅ​ព្យាបាល​ជនរងគ្រោះ​ដោយសារ​ពស់​ចឹក ។ មួយស្របក់​ក្រោយមក​ជនរងគ្រោះ​នោះ ក៏មាន​ដង្ហើម​បន្តិច​ម្តងៗ​...​ទីបំផុត​ក៏​រស់រានមានជីវិត​ឡើងវិញ ធ្វើឱ្យ​ព្រះអង្គ​រំភើបចិត្ត​យ៉ាង​ក្រៃលែង ។​ ​ក្រោយពី​មាន​ដង្ហើមរស់​ឡើងវិញ ជនរងគ្រោះ​ក៏បាន​ថ្លែងអំណរគុណ​ជា​ពន្លឹក​ចំពោះ​ព្រះអង្គ អេ​ស្គុ​ឡាប ។ ព្រមជាមួយ​គ្នា​នោះដែរ ប្រជានុរាស្ត្រ​ដែល​រស់នៅ​ក្នុងភូមិ​ទាំងអស់​ក៏​នាំគ្នា​អបអរសាទរ​ដល់ ព្រះអង្គ​អេ​ស្គុ​ឡាប ព្រមទាំង​មាន​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន​ទៀត ។ ព្រះអង្គ​ញញឹម​យ៉ាង​ត្រេកអរ​ជាទីបំផុត ចំពោះ​ជ័យជម្នះ​ដ៏​ធំធេង ដែល​បាន​ស្រោចស្រង់​ជីវិត​មនុស្ស​ម្នាក់​ឱ្យ​រួច​ចាក​ផុតពី​សេចក្តីស្លាប់ ។ ព្រះអង្គ​ក៏បាន​សន្យា​ជាមួយ​ប្រជានុរាស្ត្រ​ថា ខិតខំ​គ្រប់ពេលវេលា​ទាំងអស់​ដើម្បី​សង្គ្រោះ​ជីវិត​ជន​ទូទៅ​ឱ្យ​រួច​ចាក​ផុតពី​ចង្កូម​មច្ចុរាជ ។ ចំណែកឯ​ហ្វូង​ពស់​សាហាវ​ទាំងនោះ ក៏​នាំគ្នា​វារ​លូន​ត្រឡប់​ទៅ​ព្រៃ​វិញ​យ៉ាង​សប្បាយរីករាយ ដោយ​យល់ឃើញថា “​គូសត្រូវ​ម្ខាងៗ​ត្រូវបាន​រស់រានមានជីវិត​ឡើងវិញ​” ។ ដើម្បី​ទុកជា​អនុស្សាវរីយ៍​ដ៏​ល្អ​ត្រកាល ដែល​បាន​សង្គ្រោះ​ជីវិត​មនុស្សលោក​ឱ្យមាន​ដង្ហើមរស់​នោះ ព្រះអង្គ​អេ​ស្គុ​ឡាប​ក៏​យក​និមិត្តសញ្ញា​ពស់​រុំ​ឈើ ធ្វើជា​និមិត្តរូប​តំណាងឱ្យ​ដំបង​សិល្ប៍​ទិព្វ ហើយ​ព្រះអង្គ​ក៏​បន្តសកម្មភាព​ទៀត ក្នុង​ការយាង​ចូលទៅក្នុង​ព្រៃ​រុករក​រុក្ខជាតិ​ឱសថ​ផ្សេងៗ ដើម្បី​យកមក​ព្យាបាល​...​ដែល​ធ្វើឱ្យ​ប្រជានុរាស្ត្រ​នៅ​ទីនោះ​គោរព​ស្រឡាញ់​ព្រះអង្គ​កាន់តែខ្លាំង​ឡើងៗ ។ ពេលនោះ​កិត្តិ​ស័ព្ទ​របស់ ព្រះអង្គ​អេ​ស្គុ​ឡាប ក៏​ចាប់ផ្តើម​រន្ទឺ​សុសសាយ​រហូតដល់ ព្រះរាជ​នគរ​របស់​ព្រះវរបិតា​អា​ប៉ូ​ឡុង​ទៀតផង ។​

​ថៃ្ង​មួយ នៅពេលដែល​ព្រះអង្គ​យាង​ទៅ​ព្យាបាល​វះកាត់​ដំបៅ​របស់​ប្រជារាស្ត្រ​មួយចំនួន​នៅក្បែរ​ភ្នំ​ជ្រលង​សា្ង​ត់​...​ពេលនោះ​ផ្ទៃមេឃ​ក៏​ចាប់ផ្តើម​ងងឹត​បាត់​រស្មី​ព្រះអាទិត្យ​។​មួយ​រំពេច ស្រាប់​តែមាន​រន្ទះបាញ់ បាក់​ដើមឈើ​ឮសូរ​ប្រាវ​, ផ្គរលាន់​បន្តកន្ទុយ​គ្នា​, ផ្លេកបន្ទោរ​បាញ់​ឆ្វេ​ច​ឆ្វាចៗ​ពេញ​ផ្ទៃមេឃ ធ្វើឱ្យ​ព្រះអង្គ​អេ​ស្គុ​ឡាប សែន​ព្រឺព្រួច​ញ័រ​អស់អង្គ​ប្រាណ ។​

​បាតុភូត​នេះ​កើតឡើង​ដោយសារ​អាទិទេព​មួយអង្គ​ព្រះ​មាន​ជូ​ពី​ធឺ​(Jupiter)​ចេញ​ព្រះ​រាជបញ្ជា ឱ្យ​ពីរ​នាក់​បងប្អូន​ឈ្មោះ​ស៊ីក្លូ​ប​(Ciclobpes)​បង្កើតជា​ព្រួញ​សិល្ប៍​បាញ់​ទម្លុះ​មេឃ បាញ់​ទម្លុះ​ពពក​ឱ្យ​ភ្លៀង​, បាញ់​ទម្លុះ​ពិភព​ផ្លេកបន្ទោរ ផ្គរលាន់​រន្ទះ​ទាំង​ប្រាំបី​ទិស ដើម្បី​តាម​ព្យាបាទ​ឈ្នានីស​ដល់ ព្រះអង្គ​អេ​ស្គុ​ឡាប ខ្លាចក្រែង​មាន​កម្រិត​វិជ្ជា​ម​ហិ​ទ្ធិ​ប្ញ​ទ្ធិ​ដល់​កំពូល ដើម្បី​ព្យាបាល​វះកាត់​មនុស្ស​គ្រប់រូប​ឱ្យ​ជាសះស្បើយ​ឡើងវិញ ។ នៅពេលដែល​ព្រះអង្គ​កំពុងតែ​ជួប​ព្រឹត្តិការណ៍​នេះ​...​នៅឯ​ព្រះរាជ​នគរ​របស់​ព្រះអង្គ​, ព្រះវរបិតា​អា​ប៉ូ​ឡុង និង​ឪពុកចិញ្ចឹម​ជា​មនុស្ស​ចម្លែក​ខ្លួន​មនុស្ស​ក្បាល​សេះ ក៏​ខិតខំ​អង្វរ​បន់ស្រន់​ដល់​ព្រះ​ជា​ម្ចាស់​អាទិទេព​ទាំងឡាយ ដែលជា​អ្នកគ្រប់គ្រង​នៅលើ​ពិភព​ចក្រ​វា​ឡ​សូមជួយ​ព្រះរាជ​បុត្រា​ផង ។​ពេលនោះ​សំឡេង​របស់​ឪពុកចិញ្ចឹម និង​ព្រះវរបិតា ក៏​ហោះហើរ​ទៅលើ​ឋានសួគ៌​អាទិទេព ។ មួយស្របក់​ក្រោយមក ទើប​អាទិទេព​បន្ថយ​អានុភាព​របស់ខ្លួន រួច​ហើយក៏​ឱ្យ​ព្រះអង្គ​អេ​ស្គុ​ឡាប​យាង​ទៅ​យ៉ាង​សម្រួល ។​

...​លុះ​ច្រើន​ឆ្នាំ​ក៏បាន​កន្លងផុតទៅ​... ។ ទំហំ​នៃ​សេចក្តី​នឹករលឹក​ទៅដល់​ព្រះរាជ​បុត្រា ក៏មាន​ធំធេង​ឥតឧបមា ដែល​ធ្វើឱ្យ​ព្រះ​វរ​បី​តា​ត្រូវតែ​សម្រេច​ព្រះទ័យ​ស្វែងរក​ព្រះរាជ​បុត្រា​យាង​មកកាន់​ព្រះរាជ​នគរ​វិញ ដើម្បី​រួមរស់​ជាមួយគ្នា ។ ការប្រកាស​ស្វែងរក​ព្រះរាជ​បុត្រា​ក៏​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ទីបំផុត​ក៏បាន​ជួប​ដូច​សេចក្តី​បំណង​មែន ព្រមទាំង​បានរួម​រស់​ជាមួយគ្នា​តរៀង​ទៅ ។ ពេលនោះ​ព្រះអង្គ​អេ​ស្គុ ឡាប​ក៏​ក្លាយទៅជា​ព្រះអាទិទេព​មួយ​ព្រះអង្គ​ដ៏​ឆ្នើម ដែលមាន​ប្រជានុរាស្ត្រ​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា ។ ពីព្រោះថា ព្រះអង្គ​គឺជា​អាទិទេព​មួយអង្គ តំណាងឱ្យ​គ្រូពេទ្យ​គ្មាន​ព្រំដែន កំណត់​ក្នុងការ​ព្យាបាល​សង្គ្រោះ​ជីវិត មនុស្ស​ទូទៅ ។​

​ចាប់តាំងពី​ពេលនោះ​មក ប្រជានុរាស្ត្រ​ក៏​ទទួលស្គាល់ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដំបង​សិល្ប៍​ទិព្វ និង​សត្វ​ពស់​ដែលជា​មេ​កើយ​រុំ​ព័ទ្ធជុំវិញ​ដំបង​សិល្ប៍​ទិព្វ​នេះ​។ ហេតុនេះហើយ​បានជា​យើង​ឃើញ​មាន​និមិត្តសញ្ញា​សត្វ​ពស់​រុំ​ព័ទ្ធជុំវិញ​ដំបង​ឈើ​នេះ​នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ​រហូតមកដល់​សព្វ​ថៃ ។​

២-​និមិត្តសញ្ញា​ក្នុង​ឱសថ​សាស្ត្រ​

​និមិត្តសញ្ញា​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​នេះ គឺជា​រូប​ព្រះ​កែវ​របស់​ព្រះ​នាង​ទេពធីតា​ហ៊ី​ហ្ស៊ី​(HYGIE) ដែលជា​ទេវតា​រក្សា​សុខភាព ។ ហ៊ី​ហ្ស៊ី គឺជា​បុត្រី​របស់​ព្រះអង្គ​អេ​ស្គុ​ឡាប ។ ព្រះ​នាង​ចេះ​រក្សា​សុខភាព​ជូន​ដល់​បណ្តា​ប្រជាជន និង​ស្រោចស្រង់​ប្រជារាស្ត្រ​ឱ្យ​រួច​ចាក​ផុតពី​សេចក្តីស្លាប់​ដោយសារតែ កែវ​ទេព​ឱសថ ។ ក្រោយមក​ប្រជារាស្ត្រ​នាំគ្នា​គោរព​ស្រឡាញ់​ព្រះ​នាង​គ្រប់ៗ​គ្នា​...​នាំឱ្យ​ព្រះនាម​របស់​ព្រះ នាង​ក៏បាន​ប្រែ​ក្លាយទៅជា “​ហ៊ី​ហ្ស៊ី​យែ​ន​”(Hygiene) គឺ​មានន័យថា ត្រូវ​រក្សា​ក្បួនច្បាប់​អនាម័យ​ជានិច្ច​ក្នុង​ពិភព​មានជីវិត​របស់​យើង​ប្រចាំ​ថៃ្ង ដោយ​ត្រូវ​៖ រស់នៅ​ស្អាត​, ផឹក​ស្អាត​, ហូប​ស្អាត ស្លៀកពាក់​ស្អាតបាត​ដែល​នឹង​ផ្តល់នូវ​សុខភាព​មាំមួន ។ ចាប់តាំងពី​ពេលនោះ​មក​ប្រជារាស្ត្រ ក៏​ចាប់ផ្តើម​អនុវត្ត​ក្បួន​អនាម័យ​យ៉ាង​ខ្ជាប់ខ្ជួន​រៀងរហូត​ទៅ ។​
អាទិទេព​ហ៊ី​ហ្សី​យែ​ន​(Hygiene)
និមិត្តសញ្ញា​ឱសថ​សាស្ត្រ​

៣-​និមិត្តសញ្ញា​ក្នុង​ផ្នែក​ទន្តសាស្ត្រ​

​និមិត្តសញ្ញា​ក្នុង​ផ្នែក​ទន្តសាស្ត្រ​នេះ គឺជា​និមិត្តសញ្ញា​សត្វ​ពស់​មួយ​រុំ​ព័ទ្ធជុំវិញ​ស្លាបព្រួញ ដែល​ជាការ​តំណាងឱ្យ​វិធី​ព្យាបាល​មុខរបួស​ទាំងឡាយ​ដ៏​ស័ក្តិសិទ្ធិ ។ បើ​យើង​ពិនិត្យមើល​ស្លឹក និង​ផ្លែ​នៅ​ខាងក្នុង​ផ្នែក​ខាងក្រោម គឺជា​និមិត្តសញ្ញា​តំណាងឱ្យ​ថ្គាម​ខាងលើ និង​ថ្គាម​ផ្នែក​ខាងក្រោម ហើយ​វា​ស្ថិតនៅក្នុង​លក្ខណៈ​មួយ​ជា រង្វង់​មូល​ដែលមាន​អក្សរ​ក្រិ​ក​គឺ​៖ រូប​ត្រីកោណ​(Δ)​បានន័យថា ឌែ​លតា​(Δ)​និង​រង្វង់​មូល​រាង​ដូច ជា​សូន្យ​ហៅថា (Omiron) ។ អក្សរ​ទាំងពីរ​នេះ (Δ)​និង​(O)​ផ្គុំ​គ្នា​បង្កើតបានជា​ធ្មេញ ។​
និមិត្តសញ្ញា​ទន្តសាស្ត្រ​

៤-​និមិត្តសញ្ញា​ក្នុង​ផ្នែក​បសុព្យាបាល​

និមិត្តសញ្ញា​ក្នុង​ផ្នែក​បសុព្យាបាល​នេះ គឺជា​មហា​ដំបង​ទិព្វ​កំពូល​អស្ចារ្យ​បំផុត ដែល​លាតសន្ធឹង​តាម​ដៃ​សងខាង​របស់​ព្រះអាទិទេព​មួយ​ព្រះអង្គ​ព្រះនាម​អ៊ែរ​ម៉ែ​ស (HERMES)-​សត្វ​ពស់​ទាំងពីរ​នេះ​រុំ​ព័ទ្ធ​ពត់ពេន​ជាមួយគ្នា ដែលជា​និមិត្ត​រូបតំណាង​ឱ្យនៃ​ពិភព​អមតៈ ហើយ​អាច​ប្រែប្រួល​តាម​លក្ខណៈ​ធម្មជាតិ​ពីស​ភាព​វ័យ​ចាស់ជរា ទៅជា​វ័យ​កុមារ​ក្មេងខ្ចី ប្រៀបបាន​ទៅនឹង​សត្វ​បង្គួ​យ​ចាស់​សក​ជា​ក្រឹត្យក្រម​របស់​វា ។​
និមិត្តសញ្ញា​បសុពេទ្យ​

អាទិទេព​អ៊ែរ​ម៉ែ​ស ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ជូ​ពី​ធឺ​(JUPITER)​និង​ព្រះ​នាង​ម៉ា​យ៉ា (MAIA)​ព្រះ​នាង​ម៉ា​យ៉ា​គឺ​ព្រះរាជ​បុត្រី របស់​ព្រះអង្គ អា​តា​ឡាស​(Atalas) ។​

​តាំងពី​ព្រះរាជ​កុមារភាព​ម្លេះ​អាទិទេព​អ៊ែរ​ម៉ែ​ស តែង​សព្វព្រះទ័យ​ស្រឡាញ់​ប្ញ​ទ្ធា​នុ​ភាព​នៃ​ចង្កឹះ​ទិព្វ​របស់​ព្រះអង្គ​ណាស់ ដែលមាន​ស្លាប​សត្វ​ពីរ​ស្ថិតនៅ​សងខាង​ក្នុង​ការជួយ​ប្រោះព្រំ​ជីវិត សព្វ​សត្វ​ក្នុង​លោក​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រឈមមុខ​នឹង​សេចក្តីស្លាប់ ។ ព្រះអង្គ​តែងតែបាន​ជួយ ស្រោចស្រង់​ជីវិត​សព្វ​សត្វ​ទាំងពួង​របស់​ប្រជារាស្ត្រ​ឱ្យ​រួច​ចាក​ផុតពី​សេចក្តីស្លាប់​គ្រប់ពេលវេលា ។ ថៃ្ង​មួយ​ព្រះអង្គ​អ៊ែរ​ម៉ែ​សបាន​យាង​ទៅ​ចូលក្នុង​ព្រៃ​សា្ង​ត់​ជ្រងំ ដើម្បី​រុករក​ប្ញ​ស​ឈើ​ដើម្បី​យកមក​ធ្វើជា​ឱសថ សម្រាប់​ព្យាបាល ។ ប៉ុន្តែ​ថៃ្ង​នោះ​ព្រះអង្គ​ពុំបាន​ជួបប្រទះ​ប្ញ​ស​ឈើ​ដែល​ត្រូវការ​នោះ​សោះ បែរជា​ជួបប្រទះ សត្វ​ពស់ព្រៃ​ពីរ​កំពុង​ខាំ​គ្នា​យ៉ាង​ជាប់​ស្អិត​គ្នា​បេះ​លែង​ដាច់ ។ ព្រះអង្គ​ក៏​ឱន​រើសយក​ពស់​ទាំងពីរ​ដែ​ល​កំពុងតែ រមូល​ខាំ​គ្នា​យកមក​ដាក់​នៅលើ​ចង្កឹះ​ទិព្វ​របស់​ព្រះអង្គ ។ ពេលនោះ​សត្វ​ពស់​ទាំងពីរ​បែរជា​ស្លូត​ទៅវិញ​មិន​ខាំ​គ្នា ហើយ​រុំ​ជុំវិញ​ចង្កឹះ​ទិព្វ​នេះ​ជាប់ ហាក់បីដូចជា​ចុះចាញ់​ឥទ្ធិពល​ចង្កឹះ​ទិព្វ ។ ពេលនោះ​ព្រះអង្គ​អ៊ែរ​ម៉ែ​ស ក៏​យក ចង្កឹះ​នេះ​ទៅ​ព្យាបាល​សព្វ​សត្វ​ទាំងឡាយ ។ នៅពេល​ព្យាបាល​សត្វ​ដែល​ឈឺ​យ៉ាងខ្លាំង​ក្លា​នោះ ក៏​បែរជា​ជាសះស្បើយ​ទៅវិញ ដោយសារតែ​ឥទ្ធិពល​មហា​កម្លាំង មាន​ប្ញ​ទ្ធា​នុ​ភាព​បន្ថែម​មួយកម្រិត​ទៀត​របស់​ពស់​ទាំងពីរ​ប្រខាំ​គ្នា ។​
អាទិទេព​អ៊ែ​ម៉េ​ស​(Hermes)
​បើតាម​ការសន្និដ្ឋានរ​បស់​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​បង្ហាញថា​៖ “​ពស់​ទាំងពីរ​ប្រខាំ​គ្នា​នេះ គឺជា​សត្វ​ពស់ ញី​-​ឈ្មោល​មួយគូរ ដែល​កំពុងតែ​ប្រឡែង​គ្នា​ក្នុង​ផ្លូវ​សេចក្តីស្នេហា​” ។​ ​ក្រោយពី​ព្យាបាល​សត្វ​ពស់​ទាំងអស់​ឱ្យ​រួច​ពី​សេចក្តីស្លាប់​មក ប្រជារាស្ត្រ​ដែលជា​ម្ចាស់​សត្វ​ពស់​នោះ ក៏ នាំគ្នា​គោរព​ស្រឡាញ់​ព្រះអង្គ​គ្រប់ៗ​គ្នា ព្រមទាំង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឥទ្ធិពល​វេទមន្ត​ចង្កឹះ​ទិព្វនេះ ។​

​យើង​ជួបប្រទះ​និមិត្តសញ្ញា​ទាំង​បួន​ខាងលើនេះ​ជា​ញឹកញយ​ណាស់​ក្នុង​ជីវិត​សព្វថ្ងៃ ដោយ​វា​ត្រូវបាន គេ​ប្រើប្រាស់​ពាសពេញ​ពិភពលោក​ជា​និមិត្តសញ្ញា​នៃ​វិទ្យាសាស្ត្រ​ពេទ្យ​៕ (​តាម​ឯកសារ​ចម្រុះ​)

ប្រភព៖ CEN

No comments:

Post a Comment

ភាព​ធន់​នៃ​ថ្នាំ​ផ្សះ​ (​ ស៊ាំថ្នាំផ្សះ)

តម្រូវការ​ថ្នាំ​ផ្សះ​មាន​ប្រសិទ្ធិភាព​បាន​ក្លាយ​ជា​ គឺ​ជា​អាទិភាព​​មួយ​​សម្រាប់​សុខភាពមនុស្ស​ទូទៅ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​សន្និសីទ​អន្តរជា...